Latest News

អ្នកជំនាញ​គួរ​សិក្សា​ឱ្យ​ស៊ីជម្រៅ​មុន​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី

1 year ago    560
 

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានលើកឡើង​ពី​គម្រោង​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី​នៅ​ទូទាំងប្រទេស ដែល​ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី​នេះ​មាន​គោលបំណង​កំណត់​តម្លៃ​គិត​ពន្ធ​លើ​អចលនទ្រព្យ​ឱ្យបាន​ត្រឹមត្រូវ​តាម​តម្លៃ​ទីផ្សារ​ស្របពេល​តម្លៃ​ដីធ្លី​នៅតាម​រាជធានី-ខេត្ត​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់។

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែងថា ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី​នេះ គឺ​នឹង​ត្រូវធ្វើ​នៅ​គ្រប់​ភូមិបាល​ដីធ្លី​ទូទាំងប្រទេស ហើយ​ប្រធាន​មន្ទីរ​ខេត្ត-ក្រុងនីមួយៗជា​អ្នកទទួលបន្ទុក​លើ​កិច្ចការងារ​នេះ "យើង​ធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​នៃ​ការគ្រប់គ្រង​របស់​អស់លោក​ជា​ប្រធាន​ភូមិបាល​នៅតាម​បណ្ដា​ខេត្ត​ក្រុង ការខកខាន​មិនបាន​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្លៃ​ដីធ្លី​បានធ្វើឱ្យ​រដ្ឋ​បាត់បង់​ចំណូលពន្ធ​យ៉ាង​សន្ធឹកសន្ធាប់”។


សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការកំណត់​ពន្ធ​ដី ឬ​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង និង​រំឭក​ទៅកាន់​អគ្គនាយក​ពន្ធដារ​ថាប​ច្ចុ​ប្បន្ន ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​សព្វថ្ងៃ​ត្រូវបាន​កំណត់ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​រយៈពេល​ច្រើន​ឆ្នាំមកហើយៗមកទល់នឹង​ពេលនេះ​តម្លៃ​ផ្ទះសំបែង​បាន​ហក់​ខ្ពស់​ឡើងជា​លំដាប់​ដែល​ត្រូវធ្វើ​ការសិក្សា​កំណត់​តម្លៃ​ពន្ធ​នេះ​សាជាថ្មី​ឡើងវិញ។

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា"ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​វាយ​ពន្ធ​ប្រថាប់ត្រា​លើ​ការកំណត់ថ្លៃ​ដី​តាំងពី3-4ឆ្នាំមុន​មកម៉្លេះ ប៉ុន្តែ​តម្លៃ​អត្រា​ទីផ្សារ​បច្ចុប្បន្ន​មិន​នៅ​អ៊ីចឹង​ទៀត​ទេ…កាលពី 3ឆ្នាំមុន តម្លៃ​ដី 1ម៉ែត្រការ៉េ ថ្លៃ200ដុល្លារ ប៉ុន្តែ​ឥឡូវ​តម្លៃ​វា​គឺ 1ម៉ែត្រការ៉េ 1000ដុល្លារ”។

ដោយ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្ដើម​នៅពេលណា​នោះ ឯកឧត្ដម ជា សុផារ៉ា​បានឱ្យដឹងថា នេះ​គឺជា​គោលដៅ​មួយ​ដែល​អាចធ្វើឱ្យ​ចំណូល​រដ្ឋ​កើនឡើង1គុណ​ជា2 ខណៈ​គម្រោង​ធ្វើ​បច្ចុប្បន្នភាព​នេះ​នឹង​អាចធ្វើ​មួយឆ្នាំ​ម្ដង ដើម្បីឱ្យ​ស្របទៅតាម​តម្លៃ​ដី​តាម​ទីផ្សារ។ អ៊ីចឹង​នៅពេល​យើង​ធ្វើការ​យកពន្ធ បើ​ធ្វើបាន​អាចឱ្យ​ចំណូល​រដ្ឋ​កើនឡើង 1គុណ​នឹង2ដែរ។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានទទួលស្គាល់ ថា​បច្ចុប្បន្ន​តម្លៃ​ដីធ្លី ផ្ទះសំបែង ពិតជា​មានតម្លៃ​ខ្ពស់​មែន ហើយ​លោក​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ស្នើឱ្យ​រដ្ឋាភិបាល​គួរតែ​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​ដីធ្លី​ឱ្យ​ល្អិតល្អន់​ស្របទៅតាម​សភា​ពដី​ប្រភេទនីមួយៗ និង​តាម​តំបន់​ផងដែរ ចៀសវាង​ការកំណត់​តម្លៃ​មិន​ត្រឹមត្រូវ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​តម្លៃ​អចលនទ្រព្យ​នោះ។

លោក គីម ហ៊ាង មានប្រសាសន៍ថា ខ្ញុំ​គាំទ្រ​ការដំឡើង​ពន្ធ​នេះ ព្រោះ​ប្រទេស​ណា​ក៏​គេ​យកពន្ធ​ដែរតែ​បារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​សតិអារម្មណ៍​សាធារណជន និង​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី។ ម្យ៉ាងវិញទៀត តើ​វា​ជា​ពេលវេលា​សមស្រប​ក្នុងការ​ដំឡើង​ពន្ធ​ឬ​នៅ? ហើយ​តើ​ត្រូវ​ដំឡើង​របៀប​ណា? តើ​វា​មាន​តុល្យភាព​ការរីកចម្រើន​របស់​ស​ង្គ​ម​ឬទេ? វា​អាច​ត្រូវការ​ពេលវេលា​មួយចំនួនទៀត បើតាម​ខ្ញុំ គឺ​យើង​ត្រូវការ​ពេលវេលា "ការដំឡើង​ពន្ធ​ដី ឬ​ពន្ធ​ប្រថាប់ត្រា គួរតែ​ត្រូវធ្វើ​ក្នុង​រយៈពេល 2-3ឆ្នាំ​ខាងមុខ​ទៀត ទើប​ជាការ​ល្អប្រសើរ ព្រោះ​វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សាធារណជន”។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC) បាន​បញ្ជាក់ថា បើតាម​ខ្ញុំ​យល់ អត្រា4%នេះ គឺជា​ការកំណត់​តម្លៃ​ដី​នៅតាម​តំបន់នីមួយ។ ប៉ុន្តែ​ការដំឡើង​នោះ គឺ​ដំឡើង​អត្រា​មូលដ្ឋាន​នៃ​ពន្ធ ឧទាហរណ៍​ដូចជា​ដីស្រែ​ពីមុន​តម្លៃ 1$ ឥឡូវ​តម្លៃ 2$ ដូច្នេះ​គេ​យក​តម្លៃ​នោះ​គុណ​នឹង​អត្រា4%នោះ។

លោក​ថា ជាការ​សម​ហេតុ​សម​ផល​ដែរ ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​គម្រោង​ដំឡើង​តម្លៃ​អត្រាពន្ធ​លើ​តម្លៃ​ដី និង​តម្លៃ​ផ្ទះ​នេះ។ លោក ង៉ែត ជូ យល់ថា ការដំឡើង​ពន្ធ​លើ​តម្លៃ​ដី និង​ផ្ទះ​ជាការ​ល្អ ប៉ុន្ដែ​គួរ​កុំ​ដំឡើងថ្លៃ​ពន្ធ​ខ្ពស់​តាម​ដី​តម្លៃ​ដី​ពេក ព្រោះ​ដី​ខ្លះ​បាន​ឡើងថ្លៃតៗគ្នា គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។លោក​ថា តម្លៃ​ពន្ធ​ប្រថាប់ត្រា​នៅ​តំបន់​ខ្លះ មិនបាន​ចូល​រដ្ឋ​ទាំងអស់​ទេ ព្រោះ​មានការ​កិបកេង​ពី​មន្ត្រី​ពន្ធដារ​មួយចំនួន​ទើប​ធ្វើឱ្យ​បាត់បង់​ចំណូល​ពន្ធ។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​សិក្សា​ដែរ​ពីអ្វី​ដែល​លោក​ចង់​បង្កើន​ចំណូល​ពន្ធ តែ​ត្រូវ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ក្នុងការ​ចូលរួមចំណែក​ផង។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation appraisal (KFA) បាន​មានប្រសាសន៍​ស្រដៀង​គ្នា​នេះដែរ​ថា មិនមែនជា​ការដំឡើង​ពន្ធ​ប្រថាប់ត្រា​ទេ តែ​ជាការ​ពាក់ព័ន្ធ និង​អត្រា​ Rate នៃ​ពន្ធ ដែល​យើង​បានកំណត់​ជាច្រើន​ឆ្នាំ​មកហើយ វា​ជា​អត្រាពន្ធ​យោងទៅតាម​ទីផ្សារ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ចំពោះ​លោក​គ្មាន​បញ្ហា​ទេ ចំពោះ​អត្រាពន្ធ​នេះ ព្រោះ​បើ​និយាយ​ពី​ភាពអនុគ្រោះ​ពន្ធ​របស់​រដ្ឋាភិបាល​វិញ មានការ​ប្រមូល​ពន្ធ​ជាច្រើន​ប្រភេទ មាន​ពន្ធ​ប្រចាំឆ្នាំ​ជាដើម ផ្ទះ​ដែលមាន​ពន្ធ​ក្រោម 100លាន​រៀល មិន​តម្រូវឱ្យ​បង់ពន្ធ​ទេ។ ពោលគឺ​ស្ថិតនៅលើ​ការយោគយល់ និង​ការអនុគ្រោះ​ពន្ធ​ថែមទៀត ឯ​រឿង​ពាក់ព័ន្ធ​អចលនទ្រព្យ អ្នក​ចំណេញ​ដោយសារ​ពន្ធ​ក៏មាន​ច្រើន​មកហើយ​ដែរ។

ដូច្នេះ​ពាក់ព័ន្ធ​នឹង​ការយកពន្ធ​ឱ្យ​ត្រូវ​អត្រា​ទីផ្សារ​នេះ ជា​រឿង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ធ្វើ ក្នុងករណី​រាជរដ្ឋាភិបាល ឬ​ខាង​ពន្ធដារ​ចុះ​តម្លៃ (Discount)ប៉ុន្មាន​នោះ គឺជា​ការលើកទឹកចិត្ត​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ៕

Top Sales

Top Rents