- 26-06-2020
ស្របពេលដែលតម្លៃដីនៅកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាង បានធ្វើឱ្យវិនិយោគិនបរទេសចូលមកបណ្តាក់ទុនរកស៊ីជាបន្តបន្ទាប់ ដែលធ្វើឱ្យវិស័យអចលនទព្យនេះក្លាយជាគោលដៅវិនិយោគដ៏ធំរបស់ជនបរទេសនៅលើពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ាន និងចិនតែម្តង។
លោក Thomas O’Sullivan អ្នកជំនាញអចលនទ្រព្យមានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគផែ្នកអចលនទ្រព្យមកពីបរទេស ពិសេសនៅក្នុងតំបន់អាស៊ាន និងចិនតែម្តង។ តើអ្វីដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅវិនិយោគអចលនទ្រព្យសម្រាប់វិនិយោគិនបរទេស? នោះគឺដោយសារតែកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ ពិសេសកម្ពុជាបានអនុគ្រោះផ្នែកច្បាប់ ផ្តល់សិទ្ធិដល់ជនបរទេសសម្រាប់កាន់កាប់អចលនទ្រព្យថែមទៀត។
លោកអះអាងថា ក្រោយពីការបោះឆ្នោតចប់ ការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងគំហុក ជាក់ស្តែងក្នុងរយៈពេលជាង 2ខែថ្មីៗនេះ ការទិញលក់ក្នុងវិស័យអចលនទ្រព្យមានការកើនឡើង ប្រមាណជាង50ភាគរយ ហើយវិនិយោគិនបរទេសដែលនាំមុខគេគឺជនជាតិចិនតែម្តង។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 មេគង្គ មានប្រសាសន៍ទទួលស្គាល់ថាទីផ្សារអចលនទ្រព្យនៅកម្ពុជានៅមានតម្លៃទាបនៅឡើយ បើប្រៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាមដែលជាកត្តានាំឱ្យអ្នកវិនិយោគិនមួយចំនួន សម្លឹងមើលឃើញសក្តានុពលនៅកម្ពុជា ដូចជាតម្លៃដីនៅក្រុងហាណូយ ប្រទេសវៀតណាម និងក្រុងបាងកក ប្រទេសថៃតម្លៃដីស្មើមួយគុណនឹងពីរ ធៀបនឹងតម្លៃដីនៅក្រុងភ្នំពេញ ប្រទេសកម្ពុជា។ តម្លៃដីនៅតំបន់ថ្លៃបំផុតក្នុងប្រទេសកម្ពុជាជាមធ្យមជាង 5,000ដុល្លារក្នុងមួយម៉ែត្រការ៉េ តែតម្លៃដីក្នុងតំបន់ថ្លៃបំផុតនៅក្នុងប្រទេសវៀតណាម និងថៃ ក្នុងមួយម៉ែត្រការ៉េមានតម្លៃជាមធ្យមប្រហែលជា 10,000ដុល្លារ។
ក្រៅពីតម្លៃដីនៅទាបជាងហើយ កម្ពុជានៅប្រើប្រាស់ដុល្លារភាវូបនីយកម្មដែលអាចឱ្យបរទេសធ្វើចរាចរណ៍ប្រាក់ដុល្លារចូលមកក្នុងទីផ្សារក្នុងប្រទេសងាយស្រួលជាងប្រទេសជិតខាង ដោយមិនធ្វើឱ្យគាត់ខាតបង់ទៅលើអត្រាប្តូរប្រាក់ទៀតផង ទោះជាចង់ដក ឬដាក់ក្នុងចំនួនច្រើនក៏ដោយ ដែលនេះជាចំណុចផ្តល់ផលល្អសម្រាប់ទាក់ទាញវិនិយោគិនឱ្យចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះកម្ពុជាថែមទាំងទទួលបានការស្វាគមន៍ពីបណ្តាវិនិយោគិនបរទេសគ្រប់ជាតិសាសន៍ ជាពិសេសអ្នកវិនិយោគចិនដែលពួកគាត់ឆក់ឱកាសចូលមកមុនគេ ដោយសារអ្នកវិនិយោគចិនច្រើនប្រកាន់យកទស្សនៈមួយដែលថាhigh risk high return ដែលមានន័យថា "ប្រថុយកាន់តែខ្ពស់ ផលចំណេញដែលបានមកវិញក៏កាន់តែខ្ពស់‟ ខណៈដែលវិនិយោគិននៅបណ្តាប្រទេសជឿនលឿនមួយចំនួនមានការគិតពិចារណាខ្លាំង មុននឹងចូលមកបណ្តាក់ទុនរកស៊ីផ្សេង។ ក្រៅពីជនជាតិចិន កម្ពុជាក៏មានសក្តានុពលខ្លាំងសម្រាប់អ្នកវិនិយោគបរទេស ដូចជាកូរ៉េ ជប៉ុន និងវិនិយោគិនអឺរ៉ុប ដែរ ដូចជាជនជាតិបារាំងក៏បានចូលមកបោះទុនជាបណ្តើរៗហើយ ប៉ុន្តែការវិនិយោគធ្វើឡើងទៅតាមវិស័យផ្សេងៗគ្នា ដូចជាវិស័យអចលនទ្រព្យ សំណង់ ហិរញ្ញវត្ថុ ដឹកជញ្ជូន ដែកថែប ឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម។
ទោះយ៉ាងណា លំហូរវិនិយោគបរទេសដែលហូរចូលមកយ៉ាងគំហុកនេះ ក៏មានផលប៉ះពាល់ដល់អ្នករកស៊ីតូចតាចក្នុងស្រុកដែរ ដោយសារភាគច្រើននៃអ្នកវិនិយោគក្នុងស្រុកពុំសូវមានលុយច្រើនដូចជនបរទេស ដូច្នេះកន្លែង ឬទីតាំងដែលល្អៗត្រូវបានវិនិយោគិនបរទេសចំណាយលុយទិញយកមុន ចំណែកវិនិយោគិនក្នុងស្រុកទិញបានតែនៅតំបន់ឆ្ងាយៗពីទីប្រជុំជនប៉ុណ្ណោះ។ ប៉ុន្តែទោះជាដូច្នេះក្ដី កត្តានេះវាបានជះឥទ្ធិពលទៅដល់អ្នកវិនិយោគក្នុងស្រុកឱ្យខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យបានទៅដល់ទីឆ្ងាយៗ និងជួយឱ្យសេដ្ឋកិច្ចមានកំណើនកាន់តែរឹងមាំថែមទៀតផងដែរ។
ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យកាលពីឆ្នាំមុនមានទំហំជាង 6,400លានដុល្លារអាមេរិក និងរយៈពេល 8ខែនៃឆ្នាំ 2018នេះ មានទឹកប្រាក់ជិត3,000លានដុល្លារ។
នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕